Tuesday, May 12, 2015

តើ​អ្នក​ដឹង​ទេ​ថា​ កសិករ​កម្ពុជា​បែង​ចែក​ជា​ប៉ុន្មាន​ប្រភេទ​ធំ​ៗ?

Farmerkinds-001
កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ ព្រោះ​ប្រជាជន​ប្រមាណ​ ៨០% ទៅ​ ៨៥​%​ ជា​កសិករ​ ហើយ​កសិកម្ម​ផ្ដល់​ ៥០​%​នៃ​ផលិតផល​ជាតិ​សរុប​។ ផលិតផល​កសិកម្ម​រួម​មាន​ដំណាំ​ស្រូវ​ និង​ដំណាំ​រួម​ផ្សំ​ ៦៣​%, កា​រចិញ្ចឹម​សត្វ​ ២៤​%, ការ​នេសាទ​ ១០​% និង​ព្រៃឈើ​ ៣​%។ 

ប្រជាជន​កម្ពុជា​យើង​ភាគ​ច្រើន​រស់នៅ​តាម​ជនបទ​ ហើយ​ប្រកប​របរ​កសិកម្ម​។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី​ ៨៥​% ទៅ​ ៩០​%​ក៏ដោយ​ ក៏​គ្រួសារ​មួយ​ចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ឡើយ​។

តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យ​ដឹង​ថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណ​ពី​ ១.២​លាន​ ទៅ​ ១.៣​លាន​គ្រួសារ​ នៅ​ទូទាំង​ប្រទេស​។ គេ​អាច​ចែក​​ប្រភេទ​កសិករ​ទាំងនោះ​ជា​ប្រភេទ​ធំ​ៗ​ដូច​តទៅ​ ៖

   ១. កសិករ​ផលិត​ស្រូវ​ ឬ​ អ្នក​ស្រែ​ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស​ និង​និយម​ធ្វើ​ស្រូវ​វស្សា​ (រដូវភ្លៀង​)លើ​ផ្ទៃ​ដី​ទំនាប​។ កសិករ​ទាំងនោះ​អាច​រក​ប្រាក់​ ដើម្បី​បង្គ្រប់​ចំណូល​របស់​ពួកគេ​ ដោយ​ការងារ​ផ្សេង​ៗ​ទៀត​ ដូចជា​ ចិញ្ចឹម​សត្វ​ និង​ឡើង​ត្នោត​ជា​ដើម​ ឯ​កសិករ​មួយ​ចំនួន​ទៀត​ ធ្វើ​ស្រូវ​ប្រដេញ​ទឹក​ និង​ស្រូវ​ប្រាំង​ នៅ​ចុង​រដូវ​វស្សា​ ពេល​ទឹក​ស្រក​តាម​ដង​ទន្លេ​ មាត់​បឹង​ និង​ព្រែក​នានា​។ កសិករ​ទាំងនោះ​អាច​រក​ប្រាក់​បំពេញ​តម្រូវ​ការ​របស់​ពួកគេ​បាន​ ដោយ​ស្វែង​រក​ការងារ​ធ្វើតាម​រដូវ​ នៅ​ទី​ប្រជុំ​ជន​ ដូចជា​នៅ​ទីក្រុង​, ការងារ​កាប់​អុស​, និង​ធ្វើ​ធ្យូង​។
   ២. កសិករ​នៅ​តំបន់​ដី​ខ្ពស់​ ៖ គេ​ដាំ​ដំណាំ​អចិន្ត្រៃយ៍​ ឬ​ តាម​រដូវ​ ដូចជា​៖ ពោត​ ដំឡូង​ សណ្ដែក​ ល្ង​...។ល។ កសិករ​ខ្លះ​ទៀត​ ចិញ្ចឹម​សត្វ​ និង​ ធ្វើ​ស្រូវ​ប្រដេញ​ទឹក​។
   ៣. កសិករ​ធ្វើ​ចំការ​ ឬ​ កសិករ​មិន​ដាំ​ស្រូវ​ ៖ ពួកគេ​ដាំ​ដំណាំ​ផ្សេង​ៗ​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​ ស្ទឹង​ និង​​ដី​ទួល​នានា​ ដូចជា​ ថ្នាំ​ជក់​ បន្លែ​ ផ្កា​...។ល។ កសិករ​ទាំងនេះ​មាន​ការងារ​បន្ទាប់​បន្សំ​របស់​ពួកគេ​គឺ​ ចិញ្ចឹម​សត្វ​ ដាំ​ឈើ​ហូប​ផ្លែ​ និង​នេសាទ​។
   ៤. កសិករ​ក្នុង​បណ្ដា​ខេត្ត​ភូមិភាគ​ឦសាន​ (រតនៈ​គិរី​ មណ្ឌល​គិរី​)និង​តំបន់​ព្រៃ​ភ្នំ​នានា​ ច្រើន​ធ្វើ​ដំណាំ​ព្រៃ​ដុត​ មាន​ ស្រូវ​ ពោត​ ដំឡូង​ និង​រុក្ខជាតិ​ផ្ដល់​មើម​ជាដើម​។ ក្រៅ​ពី​នេះ​ពួកគេ​ស្វែងរក​អនុផល​ព្រៃ​ឈើ​ និង​បរបាញ់​សត្វ​។

ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ ស្ត្រី​ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ បន្ថែម​លើ​ការងារ​ផ្ទះ​សំបែង​ មាន​ដូចជា​ដាំ​បាយ​ បុក​ កិន​ស្រូវ​ ដង​ទឹក​ រក​អុស​ និង​ថែទាំ​កូនចៅ​។ ស្ត្រី​ត្រូវ​ដាំ​ដំណាំ​ ប្រមូល​ផល​ មើល​ថែទាំ​សត្វ​ពាហនៈ​ និង​ត្រូវ​ទៅ​លក់​ផលិត​ផល​នៅ​ឯ​ទីផ្សារ​ទៀត​ផង​៕

No comments:

Post a Comment